ញតិ្តគាំទ្រ គម្រោង «ព្រែកជីក ហ្វូណន-តេជោ» នៃព្រះរាជាណាចក្រកម្ពុជា

ញតិ្តគាំទ្រ គម្រោង «ព្រែកជីក ហ្វូណន-តេជោ» នៃព្រះរាជាណាចក្រកម្ពុជា

ញតិ្តគាំទ្រ គម្រោង «ព្រែកជីក ហ្វូណន-តេជោ» នៃព្រះរាជាណាចក្រកម្ពុជា 1024 534 Cambodia Development Center

យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ អ្នកស្រាវជ្រាវ និងបុគ្គលិក នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា (ម.អ.ក) ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការលើកឡើងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងគម្រោង «ព្រែកជីក ហ្វូណន-តេជោ» សូមប្រកាសជាឱឡារិក គាំទ្រជំហរដ៏ម៉ឺងម៉ាត់ប្រកបដោយឧត្តមគតិ និងមោទនភាពជាតិដ៏ខ្ពង់ខ្ពស់ ចំពោះការសម្រេចចិត្តអនុវត្តគម្រោងនេះឱ្យបានជោគជ័យ។ យើងខ្ញុំយល់ច្បាស់នូវសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវទឹកមួយនេះដែលនឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងសម័យទំនើប។ នេះគឺជាគម្រោងតភ្ជាប់ផ្លូវទឹកផ្ទៃក្នុងប្រទេសកម្ពុជា ដែលមិនត្រឹមតែបម្រើដល់វិស័យគមនាគមន៍ និងដឹកជញ្ជូនប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយនៃការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត និងជួយដល់វិស័យកសិកម្មផងដែរ។  ក្នុងឋានៈជារដ្ឋអធិបតេយ្យមួយ និងសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ព្រះរាជាណាចក្រកម្ពុជាបានគិតគូរពីផលប៉ះពាល់លើបរិស្ថាន និងបញ្ហាប្រឈមនានាដែលកើតចេញពីការអនុវត្តគម្រោងនេះ ដែលលទ្ធផលនៃការសិក្សាបានបញ្ជាក់យ៉ាងច្បាស់ពីផលវិជ្ជមានច្រើនលើសលុប។

ជារួម ព្រែកជីក ហ្វូណន-តេជោ នឹងបម្រើផលប្រយោជន៍ដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច និងសង្គមសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលសក្ខីភាពនេះពិតជាបានសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង ប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍជាតិ។ ម.អ.ក មានមោទនភាព និងជឿជាក់ថា ព្រែកជីក ហ្វូណន-តេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម វិនិយោគ និងចូលរួមដល់ការអភិវឌ្ឍកសិកម្ម កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងបង្ករលក្ខណៈដល់ការកកើតនៃជីវចម្រុះទឹកសាប។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាគោរពតាម ដោយឥតងាករេ នូវអនុសាសន៍ដ៏ត្រឹមត្រូវ ប្រកបដោយមនសិការស្នេហាជាតិវិសេសវិសាលបំផុតរបស់ សម្តេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងការសម្រេចចិត្តជាដាច់ខាត អនុវត្តគម្រោង «ព្រែកជីក ហ្វូណន-តេជោ» ដែលជាការផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ ក្រោមការដឹកនាំរបស់ សម្តេចតេជោ។ ជាមួយគ្នានេះ យើងខ្ញុំមានសុទិដ្ឋិនិយមប្រកបដោយក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នឹងបន្តចក្ខុវិស័យនេះ ហើយសម្រេចបានក្នុងពេលអនាគតដ៏ខ្លី ដើម្បីព្រះរាជាណាចក្រកម្ពុជាអាចសម្រេចបានចក្ខុវិស័យទាំងក្នុងរយៈពេលខ្លី មធ្យម និងវែងរបស់ខ្លួន ក្លាយជា«ប្រទេសអភិវឌ្ឍន៍»

ទាំងអស់គ្នា! ឆ្ពោះទៅកម្ពុជា ឆ្នាំ២០៥០!