• By admin
  • Friday September 4th, 2020

ការវិលត្រឡប់ទៅកាន់ភាវៈវិញ៖ ការស្វែងរកភាពជាខ្មែរនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន

ការវិលត្រឡប់ទៅកាន់ភាវៈវិញ៖ ការស្វែងរកភាពជាខ្មែរនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន

ការវិលត្រឡប់ទៅកាន់ភាវៈវិញ៖ ការស្វែងរកភាពជាខ្មែរនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន 1024 536 Cambodia Development Center

អ្នកនិពន្ធ

លោកបណ្ឌិត អ៊ុន លាង គឺជាព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។

អំពីទស្សនៈអ្នកនិពន្ធ

តាមទស្សនវិស័យទស្សនវិជ្ជា នៅសម្បកខាងក្រៅ កម្ពុជាត្រូវបានមើលឃើញជានិម្មិតរូបនៃ “ប្រទេសកំពុងអភិវឌ្ឍន៍” ប៉ុន្តែនៅខាងក្នុង ភាពមិនច្បាស់លាស់/ច្របូកច្របល់កំពុងរីកធំឡើងៗ។ ពលរដ្ឋកម្ពុជាកំពុងធ្វើដំណើរលឿនទៅៗ ទៅក្នុងពិភពមិនច្បាស់លាស់/ច្របូកច្របល់។ មួយផ្នែកធំនៃបញ្ហាគឺថា ពួកគេត្រូវបានកាត់ផ្តាច់យ៉ាងឃោរឃៅព្រៃផ្សៃចេញពីប្រវត្តិសាស្រ្ត និងធនធានបញ្ញាជា “ប្រពៃណី” របស់ខ្លួន ចាប់តាំងពីសម័យអាណានិគមនិយម និងជាពិសេសក្នុងអំឡុងរបបខ្មែរក្រហម។ លើសពីនេះទៀត កម្មវិធីដែលព្យាយាមបណ្តុះបញ្ញាជនដោយការនាំចូលនូវចំណេះដឹងបែបបស្ចិមប្រទេស មិនអាចជួយអ្វីបានទេ គឺបានតែនាំឲ្យអ្នកគិតខ្មែរឃ្លាតកាន់តែឆ្ងាយពីសង្គមរបស់ខ្លួនថែមទៀត។ ជាយថាហេតុ នាពេលនេះ ពលរដ្ឋកម្ពុជា បរាជ័យក្នុងការទទួលស្គាល់ភាពទទេនៃសុភមង្គលបែបអំពិលអំពែកខាងសម្ភារនិយម។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀត ពួកគេព្យាយាមបំពាក់នូវការបង្កប់គ្រាប់ពូជដែលមិនមានអត្ថន័យសម្រាប់ជីវិត — ភាពឥតន័យ — ក្នុងស្រមោលនៃការស្វែងរកភាពល្អខាងសម្ភារនិយម មុខមាត់ និងអំណាចឥទ្ធិពល។ ទោះជាមិនសូវមានក្តីសង្ឃឹមក៏ដោយ ភាពទទេ និងភាពឥតន័យនេះ ប្រសិនបើបានឆ្លងកាត់ទស្សនវិជ្ជា និងឆ្លុះបញ្ចាំងតាមរយៈពុទ្ធសាសនា គំនិតបែបអត្ថិភាពនិយម និងបាតុភូតនិយម អាចជាប្រភពដែលប្រកបដោយសក្តានុពលសម្រាប់ការរស់ឡើងវិញ និងការចាប់កំណើតជាថ្មីរបស់កម្ពុជា។ អ្វីដែលត្រូវការនោះគឺគំនិតទាំងឡាយណាដែលអាចបកស្រាយពន្យល់ឡើងវិញតាមទស្សនវិស័យទស្សនវិជ្ជា ហេតុនេះអាចកសាងកម្ពុជាឡើងវិញ ទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។

បទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំក្នុងនាមជាអ្នកផ្ដល់ការអប់រំ រវាងឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៦ បានធ្វើឲ្យខ្ញុំបានយល់ដឹងយ៉ាងច្បាស់អំពី៝ឫសគល់ទស្សនវិជ្ជានៅកម្ពុជា ដែលជាហេតុធ្វើឲ្យខ្ញុំផ្លាស់ប្ដូរពីតួនាទីផ្នែកអប់រំ និងអាជីពការងារ មកជាអ្នកសា្រវជ្រាវ ជាភ្នាក់ងារអភិវឌ្ឍន៍ និងជាអ្នកដែលសកម្មក្នុងក្រុមការងារកសាងគោលនយោបាយ។

ការធ្វើការងារលើបញ្ហារូបវន្តនេះកាន់តែយូរ បញ្ហាអប់រំ “ដែលមានលក្ខណៈជាក់ស្តែង” ក៏កាន់តែលេចឡើងយ៉ាងច្បាស់ចំពោះខ្ញុំ នោះគឺសង្គមកម្ពុជាកំពុងអណ្តែតលើមហាសមុទ្របញ្ហាដ៏ជ្រៅមួយ៖ កម្ពុជាខ្វះមូលដ្ឋានគ្រឹះទស្សនវិជ្ជាក្នុងការធ្វើអ្វីៗគ្រប់យ៉ាង កម្ពុជាបានគ្រាន់តែ “ថតចម្លង” គំរូគំនិតបស្ចិមប្រទេសដែលបានប្រគល់មក អោយ តាមរយៈទីផ្សារ និងគោលនយោបាយអភិវឌ្ឍន៍ (អប់រំ)។ វាហាក់ដូចជាគ្មានអ្វីទាល់តែសោះក្នុងការ “ច្រានចោលទៅវិញ” រួចបង្កើតគំនិតថ្មីសម្រាប់កសាង (ឡើងវិញ) នូវទស្សនវិជ្ជាកម្ពុជា ចាប់តាំងពីក្រោយសម័យអាណានិគមនិយម និងរបបខ្មែរក្រហម។ របៀបតែមួយគត់ដែលអាចបង្កើតបានជាគ្រឹះនៃដំណោះស្រាយនយោបាយជាក់ស្តែងប្រកបដោយចីរភាព នោះគឺការកសាងឡើងវិញតាមបែបទស្សនវិជ្ជា។

ទាញយកជាភាសាខ្មែរ

ទាញយកជាភាសាអង់គ្លេស